www.k-khycheusrolanhyutithor.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

ad inner footer

Monday, July 29, 2024

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ធំ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តស្រុកកំពង់ស្វាយ នៃខេត្តកំពង់ធំ ដែលកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយបានបង្កឱ្យរងផលប៉ះជន់លិចដំណាំស្រូវ និងដំណាំផ្សេងៗ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ និងភូមិដ្ឋានរបស់ប្រជាកសិករជាច្រើនគ្រួសារ។

អមដំណើរចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនាឱកាសនោះ រួមមាន៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរដែនដី ស្រុក ឃុំ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។

គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តស្រុកកំពង់ស្វាយ បានបង្កការខូចខាតទាំងស្រុងដល់ផ្ទៃដីដំណាំស្រូវដែលដល់ពេលប្រមូលផលចំនួន១,២៩៧ហិកតា ហើយផ្ទៃដីដំណាំស្រូវចំនួន១,៤២៦ហិកតា បានរងផលប៉ះពាល់ និងចំនួន១,៥៦៨ ហិកតាផ្សេងទៀត កំពុងប្រឈម។ ក្នុងស្មារតីផ្សាភ្ជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបន្ទាប់ពីបានចុះពិនិត្យមើលឃើញស្ថានភាពជាក់ស្តែង ដែលប្រជាពលរដ្ឋកំពុងជួបប្រទះ ព្រមទាំងការលំបាកនានាដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ឯកឧត្តម វង្សី វិស្សុត បានផ្តល់នូវការណែនាំមួយចំនួនដល់ក្រុមការងារ និងអាជ្ញាធរខេត្ត ហើយនឹងខិតខំរិះរកវិធានការ និងដំណោះស្រាយសមស្របចំពោះមុខ ដើម្បីសម្រួលដល់ជីវភាពរស់នៅ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចំាការ ក៏បានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងស្តាប់នូវបញ្ហាប្រឈម និងសំណូមពរផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំផងដែរ ហើយឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចំាការ នឹងពិនិត្យលទ្ធភាពដោះស្រាយសំណូមពរទាំងនេះ តាមដែលអាចធ្វើទៅបាន ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

ក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់នេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចំាការ វង្សី វិស្សុត និងថ្នាក់ដឹកនាំអមដំណើរ ក៏បានពិនិត្យម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រកំពង់គោផងដែរ។ ប្រព័ន្ធធារាសាស្រ្តនេះ មានតួនាទីកាត់បន្ថយជំនន់ទឹកភ្លៀងមកលើក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ។ ប្រព័ន្ធធារាសាស្ត្រកំពង់គោ មានសមត្ថភាពស្តុកទឹកទុកទឹកប្រមាណ៥០០លានម៉ែត្រត្រីគុណ អាចស្រោចស្រពលើស្រុកកំពង់ស្វាយ, ស្រុកសន្ទុក, ស្រុកសណ្តាន់, ប្រាសាទបាលង្គ័ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលអាចឲ្យប្រជាពលរដ្ឋក្នុងតំបន់នោះធ្វើស្រូវបាន៣ដង/ឆ្នាំ ដែលនឹងបង្កើនទិន្នផលពី ៣តោន/ហិកត ទៅ ៦តោន/ហិកត និងដំណាំកសិកម្មគ្រប់ប្រភេទបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានបញ្ជាក់ថា នៅពេលប្រព័ន្ធធារាសាស្ត្រកំពង់គោ ក៏ដូចជាគម្រោងសាងសង់ទ្វារស្នាក់ទឹកនៅកន្លែងទំនប់សំខាន់ៗមួយចំនួនទៀតរួចរាល់ នឹងជួយមិនឱ្យមានការរជន់លិចដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា ដូចពេលនេះទៀត និងជួយឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់ក្នុងរដូវប្រាំង ជាពិសេសកសិកម្ម ការបង្កើនទិន្នផលស្រូវ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាស្វែងរកទីផ្សា និងការអភិវឌ្ឍតាមវិស័យអាទិភាពជាច្រើនទៀត ជាមួយនឹងក្តីរំពឹងថា ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំនឹងមានជីវភាពរស់នៅកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

ដោយសារស្ថានភាពទឹកជំនន់ស្ទឹងសែនបានឡើងដល់កម្រិត ដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន ឯកឧត្តម វង្សី វិស្សុត បានផ្តល់ណែនាំដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំផែនការអន្តរាគមន៍ ដើម្បីបញ្ចៀសបាននូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យ ក្នុងការជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាពក្នុងអំឡុងពេលមានគ្រោះមហន្តរាយមកដល់៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages