www.k-khycheusrolanhyutithor.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

ad inner footer

Saturday, November 4, 2023

ព្រឹកថ្ងៃនេះព្រះមហាក្សត្រ យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត»

 ព្រឹកថ្ងៃនេះព្រះមហាក្សត្រ យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជា​ណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងជាព្រះរាជាធិបតីភាពសម្ពោធដាក់ឱ្យ​ប្រើ​ប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិច​ប្រាសាទ​អង្គរ​វត្ត»។

ក្នុងពិធីនាថ្ងៃនេះ ក៏នឹងមានការអញ្ជើញដង្ហែព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ពី​សំណាក់ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ រួមមានប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ, នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត, សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំង​សម្តេចៗ​ជាឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិជាច្រើនរូបផ្សេងទៀត។

សូមបញ្ជាក់ថា «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ​២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន។

បន្ទាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនោះ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ប្រើជាច្រក​ចូលសម្រាប់​ការទស្សនាប្រាសាទអង្គរវត្ត ហើយស្ពានបណ្តែតទឹកប្រាសាទអង្គរវត្ត ប្រើសម្រាប់ជាច្រក​ចេញ​។

បើតាមលោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ស្ពានហាលខាងលិចប្រា​សាទអង្គរវត្ត ត្រូវបានជួសជុលចំនួន៥ដងរួចមកហើយ រាប់ចាប់តាំងពីសតវត្សរ៍ទី១៦។ សម្រាប់លោក ឡុង កុសល ការជួសជុលស្ពានហាលចូលទស្សនាប្រាសាទអង្គរ ក៏ដូចជាការជួសជុលប្រាង្គប្រាសាទ​ដទៃ​ទៀត បានស្តែងឱ្យឃើញពីស្មារតីយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាទាំង​ក្នុង​នីតិកាល​ចាស់​ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចមហា​បវរ​ធិប​តី ហ៊ុន ម៉ាណែត ក៏ដូចជាកូនខ្មែរជំនាន់ក្រោយ ក្នុងការថែរក្សាការពារនូវមរតកដូនតាខ្មែរដែលជារតនសម្បត្តិ​មិនអាចកាត់ថ្លៃបាន។

លោក ឡុង កុសល ក៏បានគូសបញ្ជាក់ផងដែរថា ការជួសជុលស្ពានហាលចូលប្រាសាទអង្គរ និងការថែ​ទាំ​ប្រាង្គ​ប្រាសាទរបស់ខ្មែរ ក៏បានរំលេចឱ្យឃើញពីគុណតម្លៃដ៏សំខាន់នៃសុខសន្តិភាព។ កំលុងពេលខ្មែរ​ជួប​វិបត្តិនៃសង្គ្រាមខ្មែរគ្មានពេលថែទាំប្រាង្គប្រាសាទដែលជាព្រលឹងវប្បធម៌ជាតិនោះឡើយ ហើយបើខ្មែរ គ្មានសុខសន្តិភាពទេ សម្បត្តិវប្បធម៌មរតកដូនតាខ្មែរអាចនឹងត្រូវរងវិនាសកម្មគ្មានសេសសល់នោះ​ឡើយ។ ដូច្នេះសុខសន្តិភាព បាន​ផ្តល់នូវគុណតម្លៃមិនត្រឹមពន្លឺជីវិតពលរដ្ឋខ្មែរប៉ុណ្ណោះទេ តែក៏បានផ្តល់​រស្មី​ចិញ្ចាច​ចិញ្ចាចដល់រតនសម្បត្តិដែលជាមរតករបស់ដូនតាខ្មែរផងដែរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages