www.k-khycheusrolanhyutithor.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

ad inner footer

Friday, November 18, 2022

កាកបាទក្រហមកម្ពុជា បូកសរុបវឌ្ឍនភាពការងារយុវជន រយៈពេល១០ខែ ឆ្នាំ២០២២ និងលើកទិសដៅបន្តនៃគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ


 (ភ្នំពេញ៖កាកបាទក្រហមកម្ពុជាប្រជុំបូកសរុបវឌ្ឍនភាពការងារអភិវឌ្ឍយុវជនកាកបាទក្រហមកម្ពុជា រយៈពេល១០ខែ ឆ្នាំ២០២២ និងលើកទិសដៅការងារបន្តនៃគ្រឹះស្ថានឧត្តមសិក្សាទាំង២៤ ក្នុងរាជធានីភ្នំពេញ។

ពិធីនេះបានប្រារព្ធធ្វើនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ពិត ចំណាន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងនាយកដ្ឋានទាំង៥នៃកាកបាទក្រហមកម្ពុជា សាកលវិទ្យាធិការ សាកលវិទ្យាធិការរង ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាទាំង២៤ ក្នុងរាជធានីភ្នំពេញសរុបប្រមាណ ៩០នាក់។

បន្ទាប់ពីមានមតិស្វាគមន៍ និងចំណាប់អារម្មណ៍របស់ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ជុំវិញគោលបំណងនៃកិច្ចប្រជុំនេះរួចមក អង្គប្រជុំបានស្តាប់របាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពកាងារអភិវឌ្ឍយុវជនកាកបាទក្រហមកម្ពុជា រយៈពេល១០ខែឆ្នាំ២០២២ និងទិសដៅការងារបន្ត នៅគ្រឹះស្ថានឧត្តមសិក្សាទាំង២៤ក្នុងរាជធានីភ្នំពេញ ដែលរាយការណ៍ជូនដោយ លោកស្រី សោម សេរីវឌ្ឍន៍ នាយិកា នាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា។

ក្នុងរបាយការណ៍នោះដែរ បានឆ្លុះបញ្ចាំងពីសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ ទីប្រឹក្សា យុវជន និងយុវជនកាកបាទក្រហមកម្ពុជា នៃគ្រឹះស្ថានឧត្តមសិក្សា ទាំង២៤ ក្នុងរាជធានីភ្នំពេញ ដែលបាននិងកំពុងអនុវត្តដោយបន្ស៊ីទៅនឹងយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ហើយទោះបីជាមានបញ្ហាប្រឈមមួយចំនួនក្តី ប៉ុន្តែគ្រឹះស្ថានឧត្តមសិក្សាភាគច្រើន នៅតែសម្រេចបានលទ្ធផលល្អប្រសើរ។

កិច្ចប្រជុំនេះមានកិច្ចពិភាក្សាជាក្រុមរវាងទីប្រឹក្សាយុវជន និងយុវជនដែលមកពីគ្រឹះស្ថានឧត្តមសិក្សាទាំង២៤ ជុំវិញការខ្វះចន្លោះ បញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីកែលម្អទម្រង់របាយការណ៍ឱ្យមានលក្ខណៈល្អជាងមុន ក៏ដូចជាផ្តល់នូវគោលគំនិតសម្រាប់កសាងផែនការ ឆ្នាំ២០២៣ ឱ្យបានល្អប្រសើរផងដែរ។

លើសពីនោះក៏មានការលើកឡើងនូវសំណូមពរមួយចំនួនពីសំណាក់យុវជន និងទីប្រឹក្សាយុវជន ជុំវិញការបង្កើតជាគ្រុបតេឡេក្រាម ដើម្បីផ្ដល់ព័ត៌មានគ្នាទៅវិញទៅមក ក៏ដូចជាការចែកចាយបន្តនូវរាល់សកម្មភាពមនុស្សធម៌ទៅក្នុងបណ្តាញផ្សព្វផ្សាយសង្គម ឱ្យបានកាន់តែទូលំទូលាយ ដើម្បីចូលរួមលើកកម្ពស់ការងារមនុស្សធម៌នៅក្នុងសង្គមជាតិ។

បន្ទាប់ពីកិច្ចពិភាក្សា និងឆ្លើយតបទៅនឹងសំណូមពរខាងលើនេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងលោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានឯកភាព និងទទួលយកនូវ រាល់សំណូមពរដែលតំណាងក្លឹបយុវជននីមួយៗបានលើកឡើង ហើយចាត់ទុកថារាល់មតិយោបល់ទាំងអស់នេះ គឺពិតជាមានសារសំខាន់ក្នុងការចងក្រងធ្វើជារបាយការណ៍ប្រកបដោយគុណភាព និងលើកទិសដៅអនុវត្តបន្ត ជាពិសេសនោះគឺផែនការសកម្មភាពឆ្នាំ២០២៣ របស់យុវជនកាកបាទក្រហមកម្ពុជា ព្រោះថាបានទទួលនូវធាតុចូលពីប្រតិបត្តិករជួរមុខទាំងអស់។

ទន្ទឹមនឹងនេះ ធាតុចូលទាំងអស់នេះ នឹងបន្តពង្រឹងបន្ថែមនូវចំណេះដឹង និងសមត្ថភាពរបស់យុវជន ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំ សមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍លើកទី២០ និងវេទិកាយុវជនអាស៊ីអាគ្នេយ៍លើកទី២ នៅឆ្នាំ២០២៣ខាងមុខនេះ។

ប្រសាសន៍បិទកិច្ចប្រជុំនេះ លោក ពិត ចំណាន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ជូនចំពោះសមាជិកនៃអង្គពិធីទាំងអស់ ព្រមទាំងបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺផ្តល់តម្លៃខ្ពស់ចំពោះសកម្មភាពរបស់យុវជនកាកបាទក្រហមកម្ពុជា។

លោកក៏បានកោតសរសើរចំពោះយុវជន រួមជាមួយទីប្រឹក្សាយុវជនទាំងអស់ តាមរយៈកិច្ចពិភាក្សាជាក្រុម បានឆ្លុះបញ្ចាំងថាយុវជនមានភាពក្លាហាន និងយល់ដឹងខ្ពស់ណាស់ លើការបញ្ចេញមតិយោបល់បានចំៗទិសដៅ។

សូមជម្រាបថា មុនបញ្ចប់កម្មវិធី គណៈអធិបតី បានប្រគល់បណ្ណសរសើរ ជូនប្រធានកិត្តិយសក្លឹប ទីប្រឹក្សាយុវជន និងប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជាទាំង២៤ ព្រមទាំងថតរូបអនុស្សាវរីយ៍ផងដែរ៕









No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages