www.k-khycheusrolanhyutithor.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

ad inner footer

Saturday, September 24, 2022

ខេត្តកែបបើកយុទ្ធនាការ អប់រំផ្សព្វផ្សាយច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកនាឱកាសបុណ្យភ្ជុំបិណ្ឌ

 

កែប៖   ប្រជាពលរដ្ឋ សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា រួមទាំងមន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទសរុបប្រមាណជាង២០០នាក់ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានមកជួបជុំគ្នានៅបរិវេណ ឆ្នេរលេងទឹក(ស្រីសរ) ខេត្តកែប ដើម្បីប្រារព្ធយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក និងវិធានការនានាក្នុងការប្រយុទ្ធប្រឆាំង និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលនឹងចូលមកដល់ នៅថ្ងៃទី២៤ ដល់ ២៦ ខែ កញ្ញានេះ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តផងដែរ។   ពិធីអប់រំផ្សព្វផ្សាយនេះ ធ្វើឡើងដោយមានការសួរ និងឆ្លើយសំណួរពាក់ព័ន្ធទៅនឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយផ្តោតសំខាន់ ទៅលើការបើកបរទោចក្រ យានយន្ត (ម៉ូតូ) និងផ្ដល់ជូននូវមួកសុវត្ថិភាព សៀវភៅណែនាំ ស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោក រួមទាំងស្ទិកគ័រ បង្ហាញនិមិត្តសញ្ញាចរាចរណ៍ផងដែរ។     ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ផ្តាំផ្ញើ ដោយសង្កត់ធ្ងន់ ដល់អាជ្ញាធរក្រុង ស្រុក ពិសេសកងកម្លាំងនគរបាលចរាចរណ៍ ត្រូវប្រចាំការសម្រួលសន្តិសុខ សណ្តាប់ធ្នាប់តាមដងផ្លូវ និងនៅតាមតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលជូនភ្ញៀវទេសចរ ដែលមកសម្រាក លំហែកម្សាន្តក្នុងភូមិសាស្ត្រខេត្តកែប ។ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បន្តថា ការអប់រំផ្សព្វផ្សាយនេះ គឺជាសកម្មភាពដែលខេត្តកែប ធ្វើឡើងជាទម្លាប់ ជារៀងរាល់ពេលមានពិធីបុណ្យជាតិ អន្តរជាតិ ក៏ដូចជាក្នុងឱកាសឈប់សម្រាកផ្សេងៗ ដើម្បីឱ្យមានការត្រៀមលក្ខណៈជាស្រេចក្នុងការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត និងជាការពញ្ញាក់ស្មារតី ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិតខ្លួនឯង- អ្នកដទៃ និងសុវត្ថិភាពសាធារណៈ។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់អាជីវករ ដែលបម្រើសេវាកម្មទេសចរណ៍ នៅតាមរមណីយដ្ឋាននានា សូមមេត្តា កុំឆ្លៀតឱកាសដំឡើងថ្លៃជ្រុលហួសហេតុ រក្សាតម្លៃសមរម្យ កុំគេងប្រវ័ញ្ចភ្នែកជញ្ជីង រក្សាឱ្យបាននូវគុណភាព អនាម័យ និងទទួលភ្ញៀវ ប្រកបដោយសុជីវធម៌ និងវិជ្ជាជីវៈ ពិសេស ត្រូវប្រកាន់ភ្ជាប់នូវវិធានការ បីកុំ បីការពារ ដើម្បីសុខសុវត្ថិភាពទាំងខ្លួនឯង និងភ្ញៀវទេសចរ៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages